យល់ដឹង៖ ជីវិតគ្រួសារណាដែលថាមិនចេះជួបនូវបញ្ហានោះ គ្រាន់តែគ្រួសារខ្លះ គេចេះរកភាពសម្បូរសប្បាយចូលក្នុងគ្រួសារឱ្យបានច្រើន មិនមែននាំតែរឿងចូលក្នុងគ្រួសារ ដែលធ្វើឱ្យផ្ទះក្លាយទៅជាទីកន្លែងដ៏គួរឱ្យធុញទ្រាន់របស់អ្នករាល់គ្នានោះទេ។
ដូច្នេះហើយ ដើម្បីចង់ឱ្យគ្រួសារមានតែភាពសម្បូរសប្បាយ នៅក្នុងផ្ទះរបស់អ្នករាល់គ្នាគួរតែមានវិធីការពារ ដូចជារឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះថាវាជាអ្វីដែលអាចធ្វើឱ្យជីវិតគ្រួសាររបស់អ្នកមានតែសេចក្តីសុខសុភមង្គល និងមិនសូវជាមានបញ្ហាកើតឡើង។
ក្នុងផ្ទះមានតែ៤យ៉ាងនេះ គ្រួសារនឹងមានតែភាពសម្បូរសប្បាយ៖
១. ប្តីប្រពន្ធរស់នៅចុះសម្រុងគ្នា

គ្រួសារដែលអាចរស់នៅក្នុងភាពសម្បូរសប្បាយបាន វាអាស្រ័យទៅលើមនុស្សពីរនាក់ដែលជាប្តីប្រពន្ធ និងជាមេគ្រួសារ ត្រូវចេះមានការយល់ចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យការរស់នៅកាន់តែមានភាពចុះសម្រុងនឹងគ្នា ដូច្នេះហើយ ក្នុងគ្រួសារដែលមានឪពុកម្តាយចេះរស់នៅដោយចុះសម្រុងនឹងគ្នាបានល្អ កូនៗក៏មានក្តីសុខទៅតាមហ្នឹងដែរ ហើយគ្រួសារនឹងមានតែសុខសុភមង្គល។
២. ចេះគោរពគ្នាទៅវិញទៅមក

ប្រសិនបើនៅក្នុងគ្រួសាររបស់អ្នក ចេះគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ច្បាស់ណាស់ថាគ្រួសាររបស់អ្នក នឹងមានតែភាពសម្បូរសប្បាយច្រើនជាងមានបញ្ហា ព្រោះថាការរស់នៅជួបជុំគ្នា អ្វីដែលសំខាន់ជាងគេ គឺការចេះឱ្យតម្លៃនិងគោរពគ្នា ហេតុនេះហើយ រាល់ពេលដែលបានជួបមុខគ្នា គឺមានតែស្នាមញញឹម និងអារម្មណ៍ល្អចំពោះគ្នា មិនមែនពាក់មុខយក្សដាក់គ្នា។
៣. ចេះជួយគ្នា ដោយមិនមើលរំលង

រស់នៅក្រោមដំបូលផ្ទះតែមួយ ហើយក៏ជាគ្រួសារតែមួយ គួរតែចេះជួយគ្នាទៅវិញទៅមក ជាពិសេសការងារនៅក្នុងផ្ទះ កុំប្រកាន់ថាជាការងារអ្នកណា ព្រោះការចេះជួយគ្នាដោយមិនបំណាំគ្នា វានឹងធ្វើឱ្យគ្រួសារមានតែសេចក្តីសុខ តែបើម្នាក់ៗចេះតែប្រចាំគ្នា ឃើញនៅនឹងភ្នែកតែបែរជាមើលរំលងនោះ រស់នៅជាមួយគ្នាមិនបានយូរឡើយ ច្បាស់ជាចែកជើងគ្នាជាក់ជាមិនខាន។
៤. ចំណាយពេលជួបជុំគ្នា

បើទោះបីជាដឹងថា សមាជិកនៅក្នុងគ្រួសារ ម្នាក់ៗរវល់រៀនសូត្រ និងត្រូវមានការងារមមាញឹករកលុយយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគ្រប់គ្នានៅក្នុងគ្រួសារ ចេះចំណាយពេលវេលាជួបជុំគ្នាឱ្យបានច្រើនដង ភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នានឹងតែកើតមានឡើង ដែលជាអ្វីធ្វើឱ្យគ្រួសារពោរពេញដោយភាពសម្បូរសប្បាយ ហើយផ្ទះក៏ជាកន្លែងមួយ ដែលគួរឱ្យចង់រស់នៅបំផុត៕