យល់ដឹង៖ មនុស្សយើងម្នាក់ៗកើតមក គ្មានអ្នកណាចង់ក្លាយទៅជាមនុស្សម្នាក់ ដែលត្រូវគេមើលរំលងគ្រប់ពេលនោះទេ គឺម្នាក់ៗសុទ្ធតែចង់ឱ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ ដែលអ្នកណាៗក៏ចាប់អារម្មណ៍ និងស្រលាញ់ចូលចិត្តច្រើន។
ដូច្នេះហើយ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរខ្លួនឯង ពីមនុស្សម្នាក់ដែលតែងត្រូវបានគេមើលរំលង អ្នកត្រូវធ្វើតាមចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបអ្នកអាចក្លាយទៅជាមនុស្សដ៏មានភាពទាក់ទាញម្នាក់បាន ហើយមនុស្សជុំវិញខ្លួនអ្នក ក៏មិនមើលរំលងអ្នកទៀតដែរ។
៤ចំណុច ពីមនុស្សដែលត្រូវគេមើលរំលង ក្លាយជាមនុស្សដ៏ទាក់ទាញ៖
១. ជឿជាក់លើខ្លួនឯង

ការដែលត្រូវបានមនុស្សជុំវិញខ្លួនមើលរំលង វាជារឿងដែលគួរឱ្យឈឺចាប់មួយ ព្រោះវាបង្ហាញឱ្យអ្នកបានឃើញថា អ្នកគ្មានតម្លៃអ្វីសូម្បីតែបន្តិចនៅក្នុងក្រសែភ្នែករបស់អ្នករាល់គ្នា ដូច្នេះបើចង់ឱ្យខ្លួនឯង ក្លាយជាមនុស្សម្នាក់ដែលទាក់ទាញ អ្នកត្រូវចេះមានការជឿជាក់លើខ្លួនឯង ព្រោះការជឿជាក់លើខ្លួនឯង វាបានជួយធ្វើឱ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលពោរពេញដោយថាមពល។
២. ឱ្យតម្លៃខ្លួនឯង

អ្នកដទៃអាចមើលរំលងពីតម្លៃដែលអ្នកបាន តែអ្នកខ្លួនឯងមិនត្រូវបន្ទាបតម្លៃខ្លួនឯងដែរនោះទេ ព្រោះអ្នកមានតម្លៃ មានសមត្ថភាព និងចំណុចពិសេសដែលអ្នកផ្សេងមិនអាចមានដូចអ្នក អញ្ចឹងហើយ បើចង់កែប្រែខ្លួនឯងពីមនុស្សដែលត្រូវគេមើលរំលង អ្នករាល់គ្នាត្រូវចេះឱ្យតម្លៃខ្លួនឯង និងបង្ហាញឱ្យអ្នកគ្រប់គ្នាបានឃើញថា ការដែលគេមើលរំលងអ្នក វាជារឿងដែលខុសបំផុត។
៣. ញញឹមឱ្យបានច្រើន

ការញញឹមឱ្យបានច្រើន វាក៏អាចជួយផ្លាស់ប្តូរអ្នកពីមនុស្សដែលត្រូវគេមើលរំលង ឱ្យក្លាយមកជាមនុស្សម្នាក់ដែលមានភាពទាក់ទាញបំផុតបានដែរ ប្រសិនបើអ្នករៀនញញឹមឱ្យបានច្រើន និងបង្ហាញឱ្យមនុស្សគ្រប់គ្នាបានឃើញពីភាពវិជ្ជមានរបស់អ្នក នោះអ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលអ្នកណាៗក៏ចង់នៅជិត។
៤. ធ្វើខ្លួនឱ្យបានស្អាត

មនុស្សគ្រប់គ្នាអាចនឹងនិយាយថា សម្រស់វាមិនសំខាន់នោះទេ តែបើអ្នកមិនចេះតុបតែងខ្លួនឱ្យបានស្អាត អ្នកក៏ត្រូវគេមើលរំលងដែរ អញ្ចឹងហើយ ការដែលអ្នកធ្វើខ្លួនឱ្យបានស្អាត វាក៏អាចកែប្រែអ្នកឱ្យក្លាយទៅជាមនុស្សដ៏ទាក់ទាញបានមួយរំពេចដែរ ព្រោះមិនថាយ៉ាងណាក៏ដោយ នៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា គឺមើលទៅលើសម្រស់មុនជានិច្ច៕