យល់ដឹង៖ វាជារឿងពិត ដែលមនុស្សយើងគ្រប់គ្នាមិនអាចសប្បាយចិត្តបានរហូតនោះទេ ព្រោះថានៅក្នុងជីវិតនេះ វារមែងតែនាំយើងឱ្យមកជួបនូវបញ្ហា បែបនេះហើយ កុំទាន់អស់សង្ឃឹមនិងបាក់ទឹកចិត្ត នៅមានរឿងល្អៗជាច្រើនទៀតកំពុងតែរង់ចាំយើងទាំងអស់គ្នា។
ដូច្នេះហើយ ប្រសិនបើខណៈពេលនេះអ្នករាល់គ្នាកំពុងតែពិបាកចិត្ត គិតអ្វីមិនចេញ អ្នករាល់គ្នាត្រូវតែចងចាំពីរឿងសំខាន់មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះថារឿងទាំងអស់នោះ នៅពេលដែលអ្នកតែងរំលឹកប្រាប់ខ្លួនឯង អ្នកនឹងមិនបណ្តោយឱ្យខ្លួនឯងទោរទន់ទៅតាមអារម្មណ៍ខ្លួនឯងបានឡើយ។
រាល់ពេលពិបាកចិត្ត ត្រូវចងចាំរឿងទាំងនេះ៖
១. ជីវិតវាតែបែបនេះឯង

ប្រសិនបើអ្នកតែងតែពិបាកចិត្ត អ្នកត្រូវចងចាំថាជីវិតមួយនេះ វាតែបែបនេះឯង វាមិនអាចសប្បាយបានរហូតដូចចិត្តដែលយើងចង់បាននោះទេ ហើយជីវិតវាតែងតែជួបនូវបញ្ហាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក អញ្ចឹងហើយ បើជួបរឿងណាហើយ ក៏ប្រឹងប្រែងដោះស្រាយរឿងហ្នឹងទៅ ដោះស្រាយបានប៉ុណ្ណា ក៏យកប៉ុណ្ណឹង ទើបជីវិតវាមិនចេះតែកើតទុក្ខ។
២. នៅមានរឿងល្អៗ កំពុងរង់ចាំអ្នក

បើពេលនេះជួបរឿងមិនល្អដែលធ្វើឱ្យអ្នកកើតទុក្ខ អ្នកត្រូវចងចាំថា នៅមានរឿងល្អៗជាច្រើនទៀត កំពុងតែរង់ចាំអ្នក អញ្ចឹងហើយ ការដែលអ្នកជួបរឿងមិនល្អ វាគ្រាន់តែចង់បង្រៀនឱ្យអ្នករាល់គ្នាបានរឹងមាំជាងមុនតែប៉ុណ្ណោះ ហើយបើយើងក្លាហានហ៊ានប្រឈមមុខទៅនឹងបញ្ហាទាំងអស់នោះ យើងក៏មានឱកាសក្នុងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរជាងមុនផងដែរ។
៣. មិនមែនមានតែអ្នកដែលជួបទុក្ខ

ពិតប្រាកដណាស់ នៅលើលោកនេះ មិនមែនមានតែអ្នកម្នាក់ឯងទេដែលកំពុងតែជួបទុក្ខបញ្ហា គេផ្សេងក៏ជួបដូចគ្នា គ្រាន់តែគេជ្រើសរើសយកក្តីសុខច្រើនជាងក្តីទុក្ខ ព្រោះថាជីវិតនេះ វាពោរពេញទៅដោយបញ្ហាមិនចេះអស់ទៅហើយ បើនៅតែយកទុក្ខមកដាក់ខ្លួនទៀត ទៅមុខមិនរួចឡើយ គឺច្បាស់ជាមិនអាចរីកចម្រើនទៅមុខបាននោះទេ។
៤. គ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមានហេតុផល

មុននឹងអ្នកស្អប់បញ្ហាដែលកើតមានចំពោះមុខ អ្នកត្រូវដឹងថាគ្រប់យ៉ាងដែលកើតមានឡើង គឺសុទ្ធតែមានហេតុផលរបស់វា ហេតុនេះហើយ អ្នករាល់គ្នាគួរតែរៀនសូត្រពីវា ដើម្បីហ្វឹកហាត់ផ្លូវចិត្តខ្លួនឯងឱ្យបានរឹងមាំជាងមុន នោះអ្វីៗវានឹងល្អប្រសើរ ដូច្នេះ កុំឆាប់បាក់ទឹកចិត្តជាមួយនឹងបញ្ហាដែលកើតមាន ត្រូវចេះអភិវឌ្ឍខ្លួនឯងជាមួយបញ្ហាទាំងនោះ៕