ស្នេហា៖ រាល់ទំនាក់ទំនងស្នេហាដែលកើតមានការរកាំរកូសគ្នា វាមិនមែនសុទ្ធតែកើតចេញពីភាគីខាងប្រុសនោះទេ ពេលខ្លះក៏អាចកើតចេញពីភាគីខាងស្រីដែលសាងកំហុសឡើងមកដោយមិនដឹងខ្លួនដែរ ទើបធ្វើឱ្យស្នេហាមិនអាចទៅមុខទៀតបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សស្រីក៏មិនគួរបន្ទោសតែខាងប្រុសដែរ អ្នកគួរតែសង្កេតមើលលើខ្លួនឯងវិញ ព្រោះពេលខ្លះដោយសារតែការស្រលាញ់ខ្លាំង ធ្វើឱ្យអ្នកសាងនូវកំហុសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឡើងមកដោយមិនដឹងខ្លួន ហើយកំហុសទាំងអស់នោះ គឺសុទ្ធតែអាចបំផ្លាញទំនាក់ទំនងស្នេហាបាន។
កំហុស៤យ៉ាង ដែលមនុស្សស្រីធ្វើដោយមិនដឹងខ្លួនពេលមានស្នេហា៖
១. បិទសិទ្ធគេជ្រុលហួសហេតុ

ការហាមនេះ ហាមនោះរបស់មនុស្សស្រី គឺគ្រាន់តែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ល្អក៏ពិតមែន តែអ្នកក៏មិនអាចបិទសិទ្ធគេជ្រុលពេកដែរ គេស្រលាញ់អ្នក មិនមែនមានន័យថាអ្នកមានសិទ្ធគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងលើជីវិតគេទាំងស្រុងទេ ហើយមនុស្សស្រីភាគច្រើនតែងតែធ្វើវាដោយមិនដឹងខ្លួន រហូតដល់ពេលខ្លះ ធ្វើឱ្យមនុស្សប្រុសទ្រាំលែងចង់បាន។
២. តាមគេស្អិតពេក

មនុស្សពីរនាក់ស្រលាញ់គ្នា មិនមែនទាល់តែនៅក្បែរគ្នាស្ទើរតែ២៤ម៉ោងនោះទេ មនុស្សម្នាក់ៗត្រូវការពេលវេលាផ្ទាល់ខ្លួនរៀងៗខ្លួន ហើយមនុស្សស្រីភាគច្រើនដោយសារតែស្រលាញ់ខ្លាំង ក៏មិនបានគិតដល់ចំណុចនេះ ទើបចូលចិត្តតាមមនុស្សប្រុសដែលខ្លួនស្រលាញ់ ដល់ថ្នាក់ធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ ដោយវាជាកំហុសមួយ ដែលមនុស្សស្រីមិនសូវជាបានគិតគូដល់។
៣. ចូលចិត្តប្រើអារម្មណ៍ឆេវឆាវ

ពិតណាស់ មនុស្សស្រីនៅពេលដែលខឹងម្តងៗ គឺមិនបានគិតគូវែងឆ្ងាយនោះទេ ចូលចិត្តប្រើអារម្មណ៍ឆេវឆាវមួយពេល ដែលវាជាកំហុសមួយរបស់មនុស្សស្រី ធ្វើឱ្យមនុស្សប្រុសឆាប់អស់ចិត្ត អញ្ចឹងហើយ ស្នេហាដែលបែកបាក់គ្នា ភាគច្រើនក៏អាចមកពីមនុស្សស្រីដែរ ដែលចូលចិត្តប្រើអារម្មណ៍ឆេវឆាវ ដាក់មនុស្សប្រុសដែលខ្លួនស្រលាញ់ដែរ។
៤. ងរង៉ក់ខុសរឿង

ការងរង៉ក់ដាក់មនុស្សប្រុសដែលខ្លួនស្រលាញ់ វាមិនខុសទេ តែបើងរង៉ក់ខុសរឿង អង្គុយចាំតែឱ្យគេលួង គ្មានមនុស្សប្រុសណាទ្រាំនៅស្រលាញ់ទេ ដូច្នេះហើយ ពេលខ្លះគេអស់ចិត្តពីអ្នក មិនមែនគេមានអ្នកថ្មីឡើយ តែក៏អាចមកពីអ្នកខ្លួនឯងដែរ ដែលចូលចិត្តងរង៉ក់ដាក់គេខុសរឿងពេក៕