យល់ដឹង៖ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធគ្រួសារណា ក៏ដូចជាគ្រួសារណាដែរ គឺរមែងតែងចង់ទទួលបានសុខសុភមង្គល ហើយក៏មិនមានទំនាក់ទំនងប្តីប្រពន្ធណា ដែលថាមិនចេះមានបញ្ហានឹងគ្នានោះដែរ គ្រាន់តែគេជ្រើសរើសយកវិធីស្ងប់ស្ងាត់ដើម្បីក្តីសុខតែប៉ុណ្ណោះ។
ហេតុនេះហើយ សម្រាប់មនុស្សស្រីដែលជាប្រពន្ធ ប្រសិនបើអ្នកចង់ឱ្យទំនាក់ទំនងប្តីប្រពន្ធ គ្រួសារអ្នកមានតែក្តីសុខ អ្នកត្រូវរៀនធ្វើមិនដឹងមិនលឺ នូវរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះថារឿងខ្លះ បើដឹងហើយ វាមានតែធ្វើឱ្យកាន់តែស្មុគស្មាញ ហើយអាចធ្វើឱ្យគ្រួសារបែកបាក់គ្នាទៀតផង។
៤រឿង ដែលប្រពន្ធគួរធ្វើមិនដឹងមិនលឺ ដើម្បីក្តីសុខគ្រួសារ៖
១. បញ្ហាគ្រួសារខាងប្តី

ទោះរៀបការចូលក្នុងគ្រួសារខាងប្តី ដែលប្រៀបដូចជាគ្រួសារតែមួយក៏ដោយ តែពេលដែលមានបញ្ហា បើអ្នកសាកតែចេះដឹង ឬធ្វើជាអ្នកដោះស្រាយ អ្នកនឹងខុសដោយមិនដឹងខ្លួន ហេតុនេះមនុស្សស្រីដែលជាប្រពន្ធ គួរតែធ្វើមិនដឹងមិនលឺខ្លះ ចំពោះបញ្ហាគ្រួសារខាងប្តី ដើម្បីក្តីសុខក្នុងគ្រួសាររបស់អ្នក បើមិនអញ្ចឹងទេ ប្រយ័ត្នត្រូវគ្រួសារខាងប្តីស្អប់។
២. ការងារខាងក្រៅរបស់ប្តី

សម្រាប់មនុស្សប្រុស ភាគច្រើនគឺមិនសូវចូលចិត្តឱ្យមនុស្សស្រី លូកលាន់រឿងការងាររបស់គេនោះទេ ដូច្នេះមនុស្សស្រីជាប្រពន្ធ ទោះចង់ដឹងលឺរឿងអ្វីក៏ដោយ តែកុំទៅចង់ដឹងរឿងរ៉ាវការងាររបស់គេ នាំតែធ្វើឱ្យគេធុញទ្រាន់នឹងអ្នក អញ្ចឹងហើយ ទើបការដឹងលឺរឿងខ្លះ វាមិនល្អដល់ទំនាក់ទំនងទេ ទោះដឹងក៏គ្មានបានអ្វី ព្រោះវាជាការងាររបស់ប្តី។
៣. មិត្តភក្តិរបស់ប្តី

ជាទូទៅ មនុស្សប្រុសទោះស្រលាញ់ប្រពន្ធកូនយ៉ាងណាក៏ដោយ បើអ្នកចេះដឹង ឬនិយាយអ្វីមិនល្អពីមិត្តភក្តិរបស់ប្តីអ្នក គេប្រាកដជាមានអារម្មណ៍មិនល្អ ដូច្នេះហើយ កុំចង់ដឹងលឺរឿងមិត្តភក្តិរបស់ប្តី ព្រោះវាជាជីវិតគេ គ្រួសារគេ រស់នៅតែក្នុងគ្រួសារខ្លួនឯងឱ្យបានល្អទៅគឺបានហើយ ម្យ៉ាងមនុស្សប្រុសក៏មិនចូលចិត្ត មនុស្សស្រីណា ដែលចេះដឹងរឿងគេដែរ។
៤. ការដើរហើររបស់ប្តី

បើជ្រុលជាផ្តល់សេរីភាពឱ្យប្តីហើយ កុំចេះតែសង្ស័យនេះ សង្ស័យនោះ ឬទៅតាមដានគ្រប់ពេល វានាំតែធ្វើឱ្យខ្លួនឯងកើតទុក្ខ ឬមានបញ្ហាឈ្លោះប្រកែកគ្នា ព្រោះថាមនុស្សប្រុសណា ក៏ដូចមនុស្សប្រុសណាដែរ គឺមិនអាចល្អបានឥតខ្ជោះទេ តែងតែចង់សប្បាយមួយពេលៗ តែបើមិនជ្រុលហួសហេតុទេ ក៏គួរតែធ្វើមិនដឹងមិនលឺ ដើម្បីក្តីសុខ៕