យល់ដឹង៖ ជាការពិតណាស់ សម្រាប់មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា មុននឹងធ្វើអ្វី ឬសម្រេចចិត្តលើរឿងណាមួយត្រូវចេះសួរនាំ ឬពិភាក្សាគ្នាជាមុន ព្រោះមានជីវិតជារួម បើធ្វើអ្វីដោយមិនបានគិត វានឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងប្តីប្រពន្ធ ដែលអាចនាំឱ្យបែកបាក់គ្នាបាន តែទោះជាយ៉ាងណាក៏ដោយ ក៏មិនមែនបានន័យថាប្តីឬប្រពន្ធគ្មានសិទ្ធសម្រេចលើជីវិតខ្លួនឯងទាំងស្រុងនោះទេ។

ជាងនេះទៅទៀត ក៏មានចម្ងល់ដែរថា រវាងប្តីប្រពន្ធ នរណាគួរតែមានសិទ្ធលើនរណាជាង ព្រោះជាទូទៅ នៅក្នុងសង្គមជាក់ស្តែង ភាគច្រើននៃប្តីប្រពន្ធ មនុស្សប្រុសជាប្តី ជាអ្នកដែលមានសិទ្ធអំណាច លើមនុស្សស្រីជាប្រពន្ធជាង ព្រោះដោយសារតែយល់ឃើញថាប្តីជាមេគ្រួសារ ប៉ុន្តែបើគិតពីភាពត្រឹមត្រូវវិញ គ្មាននរណាម្នាក់មានសិទ្ធអំណាចលើនរណាទេ។

ម្យ៉ាងវិញទៀត ការរៀបការមិនមែនជាការលះបង់ ឬប្រគល់ជីវិតខ្លួនឯងទៅឱ្យប្តីឬប្រពន្ធឡើយ មនុស្សគ្រប់គ្នាមានសិទ្ធទៅលើជីវិតរបស់ខ្លួនរៀងៗខ្លួន គ្រាន់តែរឿងខ្លះប្តីប្រពន្ធត្រូវរៀនចេះសម្រប ឬលះបង់ដើម្បីតាមគ្នា ដើម្បីក្តីសុខក្នុងគ្រួសារ ទើបអាចនៅជាមួយគ្នាបានយូរ តែបើនិយាយពីអំណាចលើគ្នា គឺគ្មានឡើយ គឺមានតែការគោរព និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

ហេតុនេះហើយ សម្រាប់ប្តីប្រពន្ធពីរនាក់ មិនត្រូវនាំគ្នាគិតថានរណា នឹងមានសិទ្ធអំណាចលើអ្នកណាទេ រៀបការរួច គ្រប់គ្នានៅតែមានសិទ្ធលើជីវិតរបស់ខ្លួន គ្រាន់តែមុននឹងធ្វើអ្វីមួយត្រូវចេះគិតគូដល់អារម្មណ៍របស់គ្នា ព្រោះមិនមែននៅតែខ្លួនមួយ អញ្ចឹងហើយ គ្មានអ្នកណាមានសិទ្ធប្រើអំណាចដាក់គ្នាទេ។

ជារួមមក ទោះប្តីប្រពន្ធមានជីវិតជារួមក៏ដោយ ក៏មិនមែនបានន័យថា ប្តីឬប្រពន្ធមានសិទ្ធអំណាចគ្រប់គ្រងលើជីវិតរបស់គ្នាទាំងស្រុងនោះទេ ព្រោះនៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ គ្មាននរណាមានសិទ្ធអំណាចលើនរណាទេ តែត្រូវរស់នៅជាមួយគ្នា ដោយមានការគោរពនិងឱ្យតម្លៃគ្នា៕