ស្នេហា៖ មនុស្សដែលស្រលាញ់គ្នាពីរនាក់ គឺតែងតែរំពឹងចង់ឱ្យស្នេហារបស់ខ្លួន នៅស្ថិតស្ថេរនិងបានដល់ថ្ងៃអនាគតជាមួយគ្នា ប៉ុន្តែថ្ងៃអនាគតម្នាក់ៗសុទ្ធតែមិនអាចមើលដឹង ព្រោះចិត្តរបស់មនុស្សតែងប្រែប្រួលជានិច្ច បើមិនមែនអ្នកជាអ្នកប្រែប្រួល ក៏គង់តែជាគេជាអ្នកប្រែប្រួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឱ្យស្នេហា ដែលអ្នកខិតខំប្រឹងប្រែងកន្លងមកជាមួយគ្នា រលាយដូចអំបិលត្រូវទឹកទេនោះ អ្នកត្រូវដឹងថារឿងណាដែលអាចបំបែកបាក់ស្នេហាអ្នកបាន អញ្ចឹងហើយ អ្នកត្រូវតែដឹង និងជៀសពីការធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ បើមិនអញ្ចឹង ស្នេហាអ្នកនឹងបន្តទៅមុខទៀតលែងបាន។
៥យ៉ាង ធ្វើឱ្យស្នេហាអ្នកបន្តទៅមុខទៀតលែងបាន៖
១. លាក់បាំងគ្នា

មនុស្សស្រលាញ់គ្នា ប្រសិនជាឈានដល់មានរឿងលាក់បាំងមិនឱ្យគ្នាដឹងហើយនោះ ម្នាក់ៗគួរតែត្រៀមខ្លួន ត្រៀមចិត្តឱ្យហើយទៅ ទោះមិនថាអ្នកទាំងពីរនៅស្រលាញ់គ្នាប៉ុណ្ណាទេ ស្នេហាមួយនោះមិនយូរមិនឆាប់ វានៅតែមិនអាចបន្តទៅមុខបានទៀត ហេតុនេះហើយ កុំឱ្យខាតពេលចោលទទេរៗ បញ្ចប់បានកាន់តែលឿនកាន់តែល្អ។
២. បាត់បង់ទំនុកចិត្តលើគ្នា

នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ អ្វីដែលសំខាន់ខ្លាំងបំផុត គឺការដែលមនុស្សពីរនាក់មានទំនុកចិត្ត និងចេះជឿជាក់លើគ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើស្នេហាមួយនោះ ស្រាប់តែបាត់បង់ទំនុកចិត្តលើគ្នាហើយ គឺបានន័យថាទោះប្រឹងបន្តទៅមុខទៀតយ៉ាងណា ក៏គ្មានបានន័យអ្វីដែរ។
៣. អស់អារម្មណ៍ល្អនឹងគ្នា

មនុស្សស្រលាញ់គ្នា ត្រូវការមានអារម្មណ៍ល្អគ្រប់ពេលដែលបាននៅក្បែរគ្នា តែបើស្រាប់តែបាត់បង់អារម្មណ៍ល្អៗដែលធ្លាប់មានជាមួយគ្នាហើយនោះ នៅជាមួយគ្នាតទៀត វាមានតែធ្វើឱ្យម្នាក់ៗទទួលរងនូវការឈឺចាប់ខ្លាំង ព្រោះបើអស់អារម្មណ៍ល្អចំពោះគ្នាហើយ នៅក្បែរគ្នា គឺមានតែសម្ពាធ និងធ្វើឱ្យគ្នាគ្មានក្តីសុខ។
៤. ឈ្លោះគ្នាមិនលុះមួយថ្ងៃ

គូស្នេហ៍ណាក៏ចេះឈ្លោះគ្នាដែរ តែគេមិនមែនចេះតែឈ្លោះគ្នា សូម្បីតែរឿងដែលមិនគួរឈ្លោះនោះទេ អញ្ចឹងហើយ បើនៅក្នុងទំនាក់ទំនងស្នេហាអ្នក មានតែរឿងឈ្លោះប្រកែកគ្នាឥតល្ហែ មិនលុះមួយថ្ងៃសោះនោះ គឺអ្នកគួរតែដឹងហើយ ថាស្នេហានោះបន្តទៅមុខទៀតលែងកើតហើយ។
៥. និយាយមិនចូលគ្នា

ភាពចុះសម្រុងរវាងគ្នានឹងគ្នា ក៏ជារឿងមួយដែលអ្នកមិនអាចមើលរំលងបាន ព្រោះភាពចុះសម្រុងគ្នា ជាអ្វីដែលធ្វើឱ្យមនុស្សពីរនាក់កាន់តែបានយល់ពីគ្នាទៅវិញទៅមក ទើបនៅជាមួយគ្នាបានសុខ តែបើនិយាយមិនចូលគ្នាហើយនោះ មិនថាក្តីស្រលាញ់មានចំពោះគ្នាយ៉ាងណាទេ វាក៏នៅតែមិនអាចជួយឱ្យស្នេហានោះ មានភាពរឹងមាំបានយូរអង្វែង៕