យល់ដឹង៖ ការជ្រើសរើសនរណាម្នាក់មកធ្វើជាដៃគូជីវិត វាមិនមែនជារឿងលែងសើចទេ មិនថាតែមនុស្សប្រុសឬមនុស្សស្រី ព្រោះមនុស្សដែលអ្នកគ្រប់គ្នាបានជ្រើសរើស គេនឹងត្រូវរួមរស់នៅជាមួយអ្នកអស់មួយជីវិត បើអ្នករើសខុស អ្នកនឹងត្រូវរងទុក្ខ តែបើរើសត្រូវ ជីវិតអ្នកនឹងមានតែក្តីសុខ។
ដូច្នេះហើយ សម្រាប់មនុស្សប្រុស ដាច់ខាតកុំជ្រើសរើសប្រភេទមនុស្សស្រីណា ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ ព្រោះបើអ្នករៀបការជាមួយនឹងមនុស្សស្រីប្រភេទទាំងនេះ ជីវិតអ្នកតទៅមុខទៀត នឹងត្រូវរងទុក្ខអស់មួយជីវិតដោយសារតែយកមនុស្សស្រីបែបនេះមកធ្វើជាប្រពន្ធ។
មនុស្សស្រី៣ប្រភេទនេះ អ្នកណារៀបការជាមួយនឹងរងទុក្ខមួយជីវិត៖
១. មនុស្សស្រីដែលគិតថាខ្លួនត្រូវគ្រប់យ៉ាង

មនុស្សប្រុសណា ដែលសម្រេចចិត្តរៀបការជាមួយនឹងមនុស្សស្រី ដែលតែងតែគិតថាខ្លួនត្រូវគ្រប់យ៉ាង ហើយអ្នកដទៃចាំតែខុសនោះ អ្នកត្រៀមខ្លួនរងទុក្ខអស់មួយជីវិតឱ្យហើយទៅ ព្រោះថាមនុស្សស្រីបែបនេះ អាត្មានិយមខ្លាំងណាស់ មិនស្រលាញ់អ្នកណាក្រៅពីខ្លួនឯងឡើយ រៀបការហើយច្បាស់ជាមានបញ្ហាមិនចេះចប់។
២. មនុស្សស្រីដែលមិនចេះទុកដាក់

វាជាការពិត សម្រាប់មនុស្សប្រុសដែលចង់បានប្រពន្ធ គឺត្រូវការមនុស្សស្រីណាម្នាក់ ដែលអាចចេះទុកដាក់ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពរីកចម្រើន និងលូតលាស់ជាងមុន តែបើបានមនុស្សស្រីដែលមិនចេះទុកដាក់ ហើយចាយវាយខ្ជះខ្ជាយទៀតនោះ មិនថារកបានច្រើនប៉ុណ្ណាក៏មិនសល់ដែរ អញ្ចឹងហើយ បានជាមនុស្សប្រុសមិនគួរយកមនុស្សស្រីដែលមិនចេះទុកដាក់មកធ្វើជាប្រពន្ធ។
៣. មនុស្សស្រីចូលចិត្តនាំទុក្ខដាក់ខ្លួន

ដាច់ខាតកុំរៀបការជាមួយនឹងមនុស្សស្រី ដែលចូលចិត្តនាំទុក្ខដាក់ខ្លួនឱ្យសោះ ព្រោះមនុស្សស្រីបែបនេះ នឹងនាំតែភាពសោកសៅចូលក្នុងជីវិតអ្នក លើសពីនេះ នឹងមិនធ្វើឱ្យអ្នកមានក្តីសុខនៅថ្ងៃណាមួយឡើយ ព្រោះថាជីវិតគូនឹងមានបញ្ហារាប់មិនអស់ទៀត ដែលអ្នកនិងដៃគូជីវិតអ្នកត្រូវប្រឈមមុខ និងដោះស្រាយវា តែបើបានប្រពន្ធគិតតែអវិជ្ជមានបែបនេះ ជីវិតគូទៅមុខមិនរួចឡើយ៕