យល់ដឹង៖ មនុស្សភាគច្រើនក្រោយពេលដែលបែកបាក់ស្នេហាហើយ គ្មានអ្នកណាចង់បានថ្មីភ្លាមៗនោះទេ គឺតែងតែចង់នៅម្នាក់ឯង ដើម្បីចំណាយពេលវេលាព្យាបាលនូវរបួសដែលកំពុងតែមានស្នាម តែការនៅម្នាក់ឯងក្រោយពេលដែលបែកបាក់គ្នា វាក៏មិនងាយស្រួលដែរ។
ដូច្នេះហើយ សម្រាប់អ្នកណាដែលទើបតែបែកគ្នា ចង់ចំណាយពេលនៅម្នាក់ឯង ប៉ុន្តែមិនទាន់ទម្លាប់នឹងការរស់នៅដោយម្នាក់ឯង អ្នកគួរតែសាកជាមួយនឹងវិធីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងសុំាទៅនឹងការនៅម្នាក់ឯង ហើយអាចនឹងលែងចង់មានស្នេហាទៀតផង។
ក្រោយបែកគ្នា ចង់នៅម្នាក់ឯង តែមិនទម្លាប់ គួរសាកវិធីទាំងនេះ៖
១. ព្យាយាមទៅណាមកណាតែម្នាក់ឯង

វាអាចនឹងពិបាកបន្តិច សម្រាប់អ្នកដែលទើបតែបែកបាក់ស្នេហា ហើយចង់នៅម្នាក់ឯង ព្រោះធ្លាប់តែទៅណាមកណាមានគ្នាទៅជាមួយ ប៉ុន្តែប្រសិនបើអ្នកចង់ឱ្យខ្លួនឯងទម្លាប់ទៅនឹងការនៅម្នាក់ឯងដោយគ្មានគេ អ្នកត្រូវព្យាយាមទៅណាមកណាម្នាក់ឯងឱ្យបានច្រើន យ៉ាងយូរបំផុតមួយខែ អ្នកនឹងអាចសុំាទៅនឹងការនៅម្នាក់ឯងបានយ៉ាងងាយ។
២. រាប់អានមនុស្សថ្មីៗឱ្យបានច្រើន

អ្នកនឹងទម្លាប់នូវម្នាក់ឯងដោយមិនអផ្សុក នៅពេលដែលអ្នកអនុញ្ញាតិ្តឱ្យខ្លួនឯង បានរាប់អាននិងស្គាល់ពីមនុស្សថ្មីៗឱ្យបានច្រើន ព្រោះការរាប់អានមនុស្សឱ្យបានច្រើន អ្នកនឹងកាន់តែបានស្គាល់ពីចិត្តរបស់មនុស្ស នៅពេលនោះហើយអ្នកនឹងបានដឹងថា ការដែលអ្នកជ្រើសរើសរស់នៅតែម្នាក់ឯងដោយភាពស្ងប់សុខ វាជារឿងដែលល្អបំផុត។
៣. ផ្តោតទៅលើរឿងការងាររកលុយ

ពេលវេលាដែលអ្នកត្រូវនៅម្នាក់ឯង វាជាពេលវេលាមួយដែលល្អបំផុត ដែលអ្នកគួរតែផ្តោតទៅលើរឿងការងាររកលុយឱ្យបានច្រើន ព្រោះនៅពេលដែលអ្នកមានគ្នា អ្នកនឹងគ្មានអារម្មណ៍មូលក្នុងការផ្តោតអារម្មណ៍ទៅលើរឿងរកលុយឡើយ ជាពិសេសរឿងស្នេហា ហេតុនេះហើយ បើចង់នៅម្នាក់ឯងឱ្យទម្លាប់ អ្នកត្រូវយកអារម្មណ៍ខ្លួនឯងទាំងអស់ ផ្តោតទៅលើរឿងរកលុយ យូរៗទៅអ្នកនឹងកាន់តែចង់នៅម្នាក់ឯង។
៤. រៀនធ្វើអ្វីៗដោយខ្លួនឯង

អ្វីដែលអាចធ្វើឱ្យអ្នកសុំាទៅនឹងការរស់នៅម្នាក់ឯងបាន ក្រោយពេលដែលបែកបាក់ស្នេហា គឺនៅពេលដែលអ្នករៀនចេះធ្វើអ្វីៗដោយខ្លួនឯង ដោយមិនចាំតែពឹងផ្អែកទៅលើអ្នកណាម្នាក់ ព្រោះការដែលមានទម្លាប់ធ្វើអ្វីៗដោយខ្លួនឯង វាក៏ជាអ្វីដែលធ្វើឱ្យអ្នកទម្លាប់នឹងការរស់នៅម្នាក់ឯង ថែមទាំងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដ៏រឹងមាំទៀតផង៕