សង្គម៖ ពិតណាស់សមរាត្រីជាព្រឹត្តិការណ៍ដ៏កម្រ ដែលកើតឡើងជារៀងរាល់ ២ដងក្នុងមួយឆ្នាំ ដោយព្រះអាទិត្យ រះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របពេលដែលព្រឹត្តិការណ៍នេះកំពុងកើតឡើង ហើយក៏ជាពេលវេលាចុងក្រោយនៃព្រឹត្តិការណ៍សមរាត្រីឆ្នាំ ២០២៣នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
ចំពោះឆ្នាំ២០២៣នេះ ថ្ងៃរះលើកំពូលអង្គរវត្តចំថ្ងៃសមរាត្រីរដូវស្សានេះ នៅថ្ងៃទី២២ ខែកញ្ញា ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នាគិតនៅប្រទេសកម្ពុជាយើង។
ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ (ខ្លោងទ្វារធំខាងលិច)។
នេះជារឿងអច្ឆរិយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម ស្ថាបត្យកម្ម និងតារាសាស្រ្ត។
គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី/ហាប់ គឹមអាន/រដ្ឋ ផល្លីន
សូមទស្សនារូបភាពដូចខាងក្រោម៖