ស្នេហា៖ មនុស្សស្រីមិនពិបាកប៉ាន់ស្មានចិត្តនោះទេ ឱ្យតែអ្នកព្យាយាមស្វែងយល់ពីនាង ទោះនាងខឹង អន់ចិត្ត ឬប្រច័ណ្ឌអ្នកប៉ុណ្ណាក៏ដោយ បើអ្នកស្វែងយល់ពីនាង អ្នកនឹងអាចមើលដឹងពីចិត្តរបស់នាង ដូច្នេះហើយ បើស្រលាញ់នាង ព្យាយាមស្វែងយល់ពីនាងបន្តិចផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើចង់ដឹងថានាងកំពុងតែខឹងនឹងអ្នក ដោយសារតែអ្នកបានធ្វើអ្វីខុសមួយ ដោយមិនបានដឹងខ្លួននោះ អ្នកគ្រាន់តែសង្កេតមើលលើសញ្ញាមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងបានភ្ញាក់ខ្លួនថាអ្នកពិតជាបានធ្វើអ្វីមួយខុសដាក់នាងពិតប្រាកដមែន។
តិចមើលអត់ដឹង! បើស្រីៗបញ្ចេញសញ្ញាទាំងនេះមក បានន័យថាអ្នកធ្វើអ្វីមួយខុសហើយ៖
១. មិនចង់និយាយរកអ្នក

ជាទូទៅមនុស្សស្រី ឱ្យតែបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ និងមនុស្សដែលធ្វើឱ្យនាងមានអារម្មណ៍ល្អ នាងនឹងនិយាយមិនឈប់ឡើយ ប៉ុន្តែប្រសិននាងមិនចង់និយាយអ្វីសូម្បីតែមួយម៉ាត់ដាក់អ្នក អ្នកគួរតែរកនឹកទង្វើដែលអ្នកបានធ្វើហើយ ព្រោះមនុស្សស្រីក៏មិនចេះតែងក់ងរនិងអន់ចិត្តផ្តេសផ្តាសនោះទេ លុះត្រាតែអ្នកធ្វើខុសដែរ។
២. ស៊ែរអ្វីមួយនៅលើបណ្តាញសង្គមដៀមដាមដល់អ្នក

មនុស្សស្រីជាមនុស្សម្នាក់ ដែលមិនចូលចិត្តបង្ហាញអារម្មណ៍ត្រង់ៗនោះទេ ហើយបើនាងខឹងឬអន់ចិត្តនឹងអ្នកហើយនោះ នាងក៏នឹងមិនមកប្រាប់អ្នកតាមត្រង់ ថានាងខឹងនិងអន់ចិត្តជាមួយអ្នករឿងអ្វីដែរ តែនាងនឹងស៊ែអ្វីមួយដៀមដាមដល់អ្នក ទាំងនេះបានន័យថាអ្នកបានធ្វើអ្វីមួយខុសធ្ងន់ហើយ ដូច្នេះរកនឹកកំហុសដែលអ្នកធ្វើ ទើបអ្នកអាចដឹងពីរបៀបចូលទៅលួងលោមនាងបាន។
៣. ទឹកមុខមិនសូវសប្បាយចិត្តគ្រប់ពេលដែលនៅជាមួយអ្នក

ទោះមនុស្សស្រីពូកែលាក់អារម្មណ៍យ៉ាងម៉េចក៏ដោយ ក៏នៅតែមិនអាចលាក់ជិតបានដែរ ប្រសិនបើអ្នកតាមសង្កេតមើលនាង អ្នកនឹងដឹងពីអារម្មណ៍របស់នាង ម្យ៉ាងប្រសិនបើទឹកមុខរបស់នាងមិនសូវសប្បាយចិត្ត គ្រប់ពេលដែលនៅជាមួយនឹងអ្នកតែពីរនាក់នោះ ច្បាស់ណាស់អ្នកប្រាកដជាធ្វើអ្វីមួយខុសហើយ ដូច្នេះហើយ ឆាប់រកនឹកកំហុសដែលអ្នកបានសាង បើមិនអញ្ចឹងទេ នាងគ្មានថ្ងៃបាត់ខឹង ឬអន់ចិត្តនឹងអ្នកឡើយ។
៤. ខលមិនចង់លើក សារក៏មិនចង់តប

ពេលខ្លះទោះមនុស្សស្រីខឹង ឬអន់ចិត្តនឹងអ្វីដែលអ្នកបានធ្វើខុសដាក់នាង ដោយមិនដឹងខ្លួនយ៉ាងណាក៏ដោយ នាងក៏នៅតែចង់ឱ្យអ្នកតាមលួងលោមនាង និងដឹងពីកំហុសដែលខ្លួនអ្នកបានសាងឡើងមកដែរ ទើបមនុស្សស្រីពេលដែលខឹងឬអន់ចិត្តនឹងអ្នកម្តងៗ នាងតែងតែព្យាយាមមិនលើកទូរស័ព្ទរបស់អ្នក ហើយថែមទាំងមិនចង់ឆ្លើយតបសារអ្នកទៀតផង នោះក៏ដោយសារតែនាងចង់ឱ្យអ្នកដឹងខ្លួន ថាខ្លួនបានធ្វើអ្វីខុសតែប៉ុណ្ណោះ៕
ប្រភព៖ gangbeauty